January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។

លោកជំទាវនាយករដ្ឋមន្ត្រីថៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូ។ លោកជំទាវក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។

ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចបវរអធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពជា ។ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ, ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត នៅក្នុងឆ្នាំ២០២៥ នេះ និង តួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា៕ ដោយ៖ កន ចំណាន
ប្រភព៖ក្រសួងព័ត៌មាន

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.