November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម

-រសៀល ថ្ងៃចន្ទទី១ ខែកញ្ញា ឆ្នាំ២០២៥-
វៀតណាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ សារធារណរដ្ឋសង្គមនិយមវៀតណាម។


យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។ ឯកឧត្តមបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម តូ ឡឹម ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសវៀតណាមនាឱកាសនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរ ក្នុងឋានៈសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក្នុងឋានៈឯកឧត្តម តូ ឡឹម ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ហើយសម្ដេចបានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពដ៏ប្រសើរ។

ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន។ ឯកឧត្តមបានឯកភាពទាំងស្រុងចំពោះទំនាក់ទំនងរវាងគណបក្សនិងគណបក្សនៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈជំនួបកំពូលនាពេលកន្លងមកនៃ មេដឹកនាំគណបក្សនៃប្រទេសទាំងពីរ បានក្លាយជាផែនទីសម្រាប់ការអនុវត្ត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ ហើយតាមរយៈទំនាក់ទំនងបក្ស ក៏បានបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង។

ឯកឧត្តម តូច ឡឹម ក៏បានជំរុញបន្ថែមទៀតឲ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
សម្តេចតេជោ ក៏បានមានប្រសាសន៍ពីការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេសលើវិស័យ សេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ ។

សម្ដេចបានបញ្ជាក់ថា រយៈពេល៧ខែក្នុងឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញមកកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដែលក្នុងនោះកម្ពុជានាំទៅកាន់វៀតណាមគឺមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាគឺប្រមាណ៣,២ពានលានដុល្លារ ដែលការណ៍នេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកម្ពុជាជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។ ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរីករាយ និងបន្តពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.