October 2, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពលរដ្ឋចំនួន១១៧គ្រួសារសូមក្តីមេត្តាពីអាជ្ញាធរមានសមត្ថកិច្ចកុំរុះរើផ្ទះពួកគាត់ដែលបានសង់និងអាស្រ័យផលរស់នៅលើដីជាក់ស្តែងជាយូឆ្នាំមកហើយនៅលើដីសាធារណរបស់រដ្ឋដោយសារពួកគាត់គ្មានដីឯណាផ្សេងទៀតសម្រាប់សង់លំនៅដ្ឋានថ្មីរស់នៅទេ…!

( កណ្តាល ) – រឿងរ៉ាវការតវ៉ារបស់ប្រជាពលរដ្ឋនិងអាជ្ញាធរលេីបញ្ហាដីធ្លីមួយកន្លែងដែលបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលស្ថិតនៅ ចំណុចស្ទឹងតាហោ ភូមិប្រជុំអង្គ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋទាំង១១៧គ្រួសារ បានបញ្ជាក់ថា : ពួកគាត់បានមកតាំងទីលំនៅ រស់នៅនិងបង្កបង្កើនផលនៅទីតាំងនេះ ក្នុងអំឡុងឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន គឺពុំដែលមានបញ្ហាណាមួយកេីតឡេីងឡើយ។ ស្រាប់តែ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកណ្តាលស្ទឹង បានចេញសេចក្តីជូនដំណឹងលេខ: ០៥៤/២៦ ស.ជ.ណ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ដោយសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយសហការរុះរើសំណង់មិនរៀបរយ និងដាំបង្គោលចំណាំដី នៅចំណុចខាងលើចេញ ព្រោះទីតាំងដីនេះ ជាដីសាធារណៈរបស់រដ្ឋ។ ដោយទុករយៈពេលចំនួន០៧ថ្ងៃ ( ប្រាំពីរថ្ងៃ ) គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ជាកំហិត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកនិងចាត់វិធានការរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិនានារបស់បងប្អូននោះទេ។


សូមបញ្ជាក់ដែរថា ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ដែលជម្រាបមកបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅទីតាំងខាងលើ មានចំនួន៤លេីកមកហេីយ ដោយយោងតាមលិខិតលេខ៣០៣ ល.ស ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ស្ដីពីសំណើសុំគោលការណ៍និងវិធានការរុះរើទប់ស្កាត់ ការសាងសង់សំណង់មិនរៀបរយ នៅលើដីសាធារណៈរបស់រដ្ឋ ស្ថិតនៅចំណុចស្ទឹងតាហោ ក្នុងភូមិប្រជុំអង្គ. ភូមិពោធិ៍ស្មាត និងភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
– លេីកទី១ លិខិតលេខ : ១៥២/២០ របក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង។
– លេីកទី២ លិខិតលេខ : ០៩៣សជណ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង។
– លេីកទី៣ លិខិតលេខ: ០២៤ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង។
– លេីកទី៤ លិខិតលេខ : ០៥៤/២៦ សជណ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង។លិខិតជូនដំណឹងខាងលើនេះ គឺសំណូមពរអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីតាមទំនប់ស្ទឹងតាហោ ចំណុចភូមិប្រជុំអង្គ ភូមិពោធិ៍ស្មាត និងភូមិឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាដីសាធារណៈរបស់រដ្ឋ ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋមកចាប់ធ្វើការសាងសង់ផ្ទះចំនួន១៩៥ ខ្នងផ្ទះ ទាំងសងខាងទំនប់ និងមានដាំបង្គោលចំណាំដីច្រើនកន្លែង និងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលប្រជាជនមួយចំនួនមកពី ឃុំជេីងកេីប ឃុំកណ្ដោក និងមកពីក្រៅមូលដ្ឋាន ដូចជា មកពីស្រុកកោះធំ ក្រុងតាខ្មៅ ខេត្តតាកែវ ខេត្តកំពង់ចាម និងសង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ បានមកបោះបង្គោលចាប់យកដី សាងសង់ផ្ទះនិងធ្វើការលក់ ទិញ ពីម្នាក់ទៅម្នាក់ យ៉ាងអនាធិបតេយ្យ ដោយគ្មានការដឹងឮពីអាជ្ញាធរឡើយ។


តាមការបញ្ជាក់ពីប្រជាពលរដ្ឋទាំង១១៧គ្រួសារវិញ បានលើកឡើងថា ពួកគាត់និងមិនព្រម រុះរើចេញពីលំនៅឋានពួកគាត់ឡើយ ដោយហេតុថា ក្រោយរុះរើ ពួកគាត់មិនដឹងថាត្រូវទៅរស់នៅទីណាបាន។
ជាសំណូមពររបស់ប្រជាពលរដ្ឋទាំង១១៧គ្រួសារ សូមគោរពស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ នូវសេចក្តីជូនដំណឹងលេខ : ០៥៤/២៦ សជណ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ដោយសេចក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីអោយពួកគាត់បានរស់នៅលើដីនេះជាបន្តទៀត។


ដោយឡែកតាមការបំភ្លឺរបស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានបញ្ជាក់ថា ដីស្ទឹងតាហោ គឺគ្មានភូមិទេ ជាដីសាធារណៈរបស់រដ្ឋ។
ជុំវិញបញ្ហាខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធ ដេីម្បីអោយមានតម្លាភាពនៃការផ្សព្វផ្សាយ។

ដោយ : ការិយាល័យនិពន្ធនាយក

You may have missed

Copyright © All rights reserved. | Newsphere by AF themes.