April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

វត្តមានរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ចូលដល់សមុទ្រកម្ពុជា សំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមចំនួន៥ថ្ងៃ!

(ព្រះសីហនុ)៖ ការមកដល់នៃនាវាជើងទឹកអាមេរិក បង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិកឡើងវិញ, នាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជារួចរាល់ នឹងសំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនេះមានឈ្មោះថា USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានសមត្ថភាពអាចផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់កម្ពុជានៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។

ក្នុងដំណើរមដល់នៃនាវាចម្បាំងសហរដ្ឋអាមេរិកនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាកនិងកក់ក្តៅដោយឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។
ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា រួមទាំងការលេងកីឡាជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមិត្តភាព។

ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកអាមេរិកជានិច្ចកាលបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត។

ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុប ចំនួន ៣១លើករួមជាមួយនឹងនាវាចំនួន ៣៧គ្រឿង។

មន្ត្រីកងទ័ពជើងទឹកកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាម រយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានអះអាងថា កងទ័ពជើងទឹកកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរជាមួយការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ជាមួយការចូលចតនៃនាវាកងទ័ពជើងទឹកអាមេរិកនាពេលនេះ ក៏មានដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលមកសំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមនាពេលនេះ គឺជានាកងទ័ពជើងទឹករបស់បរទេសទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាទី១របស់ប្រទេសជប៉ុន និងនាវាទី២ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម៕
#7makaranews
#media

Copyright © All rights reserved. | Newsphere by AF themes.