ក្រសួងព័ត៌មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់អ្នកសារព័ត៌មាន»
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន បានបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានស្ដីពី ” ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន ” តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។
ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងវាយតម្លៃខ្ពស់សម្រាប់វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។ លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺផ្ដោតលើប្រធានបទសំខាន់ៗ រួមមាន : ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យព័ត៌មាន. ធម្មនុញ្ញនិងក្រមសិលធម៏. ទំនួលខុសត្រូវវិជ្ជាជីវៈ និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន. ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ. បរិបទអភិវឌ្ឍន៍វិស័យព័ត៌មាន និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ។

លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹង ទទួលបានការចែករំលែកបទពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មាន បង្កើនចំណេះដឹង ការយល់អំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាន ការលើកកម្ពស់ការយល់ដឹងអំពីសិលធម៏វិជ្ជាជីវៈ ព្រមទាំងមានទំនួលខុសត្រូវនិងការគោរពច្បាប់ តាមរយៈបទឧទ្ទេស នៃវាគ្មិនជំនាញ។
ជាចុងក្រោយការថ្លែងបិទកម្មវិធីវគ្គបណ្តុះបណ្តាល លោកបានបញ្ជាក់ថា ក្រសួងព័ត៌មានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាពវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីបង្កើនការជឿទុកចិត្ត ពីសាធារណ:ជន និងស្នើអ្នកសារព័ត៌មានទាំងអស់ គប្បីមានគុណវុឌ្ឍិខ្ពស់និងត្រឹមត្រូវ ក្នុងការបំពេញមុខងារ។
សូមបញ្ជាក់ថាសិក្ខាកាមចូលរួមវគ្គសិក្សានេះមានចំនួន២៤៤នាក់ ដែលមកពី អង្គភាពព័ត៌មាន. ក្រសួង. ស្ថាប័ន និងសមាគម។
ចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមទាំងអស់ក៏បានទទួលនូវការ ផ្ដល់ជាកិត្តិយសប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីគណៈធិបតីផងដែរ។

ដោយ : ការិយាល័យនិពន្ធនាយក
