វេទិកាសារព័ត៌មានលេីប្រធានបទ ” ការខូចខាតប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក ”
( ភ្នំពេញ ) – ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នាសាលអង្គវត្ត ទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំវេទិកាសារព័ត៌មានលេីប្រធានបទ ” ការខូចខាតប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក ” ។
ក្នុងវេទិកានេះដែរ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នពាក់ព័ន្ធក្នុងវេទិកាសារព័ត៌មាននេះជាច្រើនរូប។
ថ្លែងក្នុងវេទិកានេះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានមតិស្វាគមន៍ដល់វាគ្មិនកិត្តិយសដល់បានអញ្ជេីញចូលរួម និងធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍នៃការចូលរួមរបស់អ្នកសារព័ត៌មានយើងក្នុងការចុះផ្សាយព័ត៌មាន ក្នុងជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ អោយមានតម្លាភាពនិងត្រឹមត្រូវ។

តាងនាមអគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ផេង សំអឿន បានធ្វើបទបង្ហាញអំពីការខូចខាតប្រាសាទព្រះវិហារ និងផែនការជួយសង្គ្រោះប្រាសាទក្នុងជំហានបឋម ក្រោយជម្លោះទាំងពីរលើក។
វាគ្មិនបន្តដែលធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា. ថៃ ទៅលើសហគមន៍ក្នុងតំបន់ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ដោយលោក : គឹម សំណាង ប្រធាននាយកដ្ឋាន គ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ អាជ្ញាធរជាតិព្រះវិហារ។
ក្នុងនោះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានធ្វើបទបង្ហាញអំពីផលប៉ះពាល់ ឬគ្រោះថ្នាក់នៃ សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់ប្រាសាទព្រះវិហារ ក្រោយជម្លោះព្រំដែនកម្ពុជា. ថៃ ទាំងពីរលើក។

ក្នុងវេទិកានេះ ក៏មានវេទិកាសំណួរ – ចម្លេីយ ដេីម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានសាកសួរពីបញ្ហាផ្សេងៗ ដែលទាក់ទងនឹងការខូចខាតក្រោយមានជម្លោះរវាងប្រទេសទាំងពីរ ដែលមាន ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ជាអ្នកសម្របសម្រួល។

បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ទាំងពីរលើក ដែលលើកទី១ មានរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី២៤ ដល់២៨ ខែធ្នូ ឆ្នាំ២០២៥ និងលេីកទី២ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទឺ២៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្សល់នូវសោកនាដកម្ម ខូចខាតធ្ងន់ធ្ងរដល់តំបន់ប្រសាទព្រះវិហារ។
សូមបញ្ជាក់ដែរថា វេទិកានេះក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មានចំនួន៦៣រូប ដែលមកពី៤៣ស្ថាប័ន។

