ពិធីសម្ភោធ សៀវភៅ ” រដ្ឋមន្ត្រីកូវីដ ” Titles : ” The Covid Minister ”
( ភ្នំពេញ ) : ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ នាសាលមហោស្រព វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ស្ថិតនៅផ្លូវទំនប់កប់ស្រូវ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានរៀបចំពិធីសម្ភោធសៀវភៅ ” រដ្ឋមន្ត្រី កូវីដ ” ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស។

ថ្លែងក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក្នុងនាមជាអ្នកនិពន្ធ បានមានប្រសាសន៍ស្វាគមន៍និងសំណេះសំណាលដល់ គណៈធិបតីដែលជាមន្ត្រីជាន់ខ្ពស់របស់ស្ថាប័ន រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង មន្ទីរពាក់ព័ន្ធជាមួយទៀត ដែលបានអញ្ជើញចូលរួម។

ឯកឧត្តមបានរៀបរាប់ពីការចងក្រង សៀវភៅ ” រដ្ឋមន្ត្រី កូវីដ ” ថា : អ្នកនិពន្ធបានចំណាយពេល៣ឆ្នាំ ដេីម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសារធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនអស់រយៈពេល៤៧ឆ្នាំកន្លងមក ពិសេសកំលុងពេលធ្វើជារដ្ឋមន្ត្រី៣ឆ្នាំ ក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺឆ្លងជាសាកលកូវីដ១៩ ( ២០២០ – ២០២៣ ) ។
ស្មេរសៀវភៅ ” រដ្ឋមន្ត្រី កូវីដ ” ខិតខំប្រមូលផ្ដុំពិសោធន៍ការងារជាឧត្តមនាមវត្តក៍ដោយបានឆ្លងកាត់វិញ្ញាសាសាកល្បងបំពេញភារកិច្ចជាក់ស្តែងលើវិស័យរដ្ឋបាលសារធារណៈនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្នដែលបណ្ដាលមកពីការប្រជែងគ្នាយ៉ាងក្តៅគគុកដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។ក្នុងពិធីនេះដែរ ក៏មានការអានពីជីវប្រវត្តិរបស់អ្នកនិពន្ធ ការពោលនិងស្មូតកំណាព្យ ” រដ្ឋមន្ត្រី ឬ៣ឆ្នាំចាំមិនភ្លេច ”។ បន្ថែមពីនោះក៏មានកម្មវិធី សំណួរ ចម្លើយ សម្រាប់អ្នកចូលរួម និងអ្នកសារព័ត៌មាន សាកសួរទៅកាន់វាគ្មិនកិត្តិយសដែលជាអ្នកនិពន្ធ អំពីជំហរ រួមនឹងបញ្ហាផ្សេងៗ ទៀតទាក់ទងការចងក្រងសៀវភៅនេះឡើង។

ចុងបញ្ចប់នៃកម្មវិធីឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួម និងមានការចែកសៀវភៅជូនដល់តំណាងមិត្តអ្នកអាន ។

អំណានជាអំណាច
អំណានបានចំណេះ មានតម្រិះចេះរបៀន
ត្រូវខំផ្សំព័ត៌មាន ដោយគម្លានរៀនគ្មានឈប់។
ការអានបានពុទ្ធិ ជាអាទិវិមុត្តគ្រប់
បញ្ញាថ្លាលេីសលប់ ទោះជំពប់សព្វបញ្ហា។
អានផងគ្រងគំនិត ព័ត៌មានពិតដ្បិតប្រាជ្ញា
កុំឲ្យឆ្ងាយអាត្មា លង់ទុក្ខាត្រាអេអាយ ( AI )។
អ្នកនិពន្ធសៀវភៅ
ឯកឧត្តម ព្រុំ សុខា
ដោយ : ការិយាល័យនិពន្ធនាយក
