January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈអ្នកតំណាងរាស្រ្ត គាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលខិតខំផ្សព្វផ្សាយ និងអភិរក្សភ្លេងពិណពាទ្យ។

ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈអ្នកតំណាងរាស្រ្ត គាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលខិតខំផ្សព្វផ្សាយ និងអភិរក្សភ្លេងពិណពាទ្យ។

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាវង់ភ្លេងពិណពាទ្យ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រួមសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទី និងមន្រ្តីរាជការនៃវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា សិក្ខាសាលាស្ដីពីវង់ភ្លេងពិណពាទ្យ ក្រោមប្រធានបទ “តួនាទីរបស់វង់ភ្លេងពិណពាទ្យ” រៀបចំឡើងក្នុងគោលថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ ក៏ដូចជាតម្រង់ទិសដល់បងប្អូនសិល្បករ ដែលបានចាប់យកអាជីពសម្តែងភ្លេងពិណពាទ្យ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការសម្តែងភ្លេងពិណពាទ្យឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណរបស់ខ្មែរយើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានថ្លែងអំណរគុណដល់សិក្ខាកាមជាសិល្បករវង់ភ្លេងពិណពាទ្យ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់បទបង្ហាញពីព្រឹទ្ធាចារ្យ និងលោកគ្រូជំនាញ ដែលអញ្ជើញមកពីនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីដឹងកាន់តែច្បាស់ពីចង្វាក់ កម្រិតសំឡេង ក្បួនខ្នាត និងជាពិសេសពាក្យហៅបទភ្លេងក្នុងវង់ភ្លេងពិណពាទ្យ ដែលកែប្រែពីភាសាសៀម មកជាភាសាជាតិវិញ។

សូមបញ្ជាក់ថា វង់ភ្លេងពិណពាទ្យមានតួនាទីសម្រាប់ប្រគំថ្វាយដូចជា ព្រះរាជពិធីទទួលក្បួនទ័ព ព្រះរាជពិធីទ្វារទសមាស ព្រះរាជពិធីចុះផែ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងប្រគំក្នុងរបាំព្រះរាជទ្រព្យ ប្រគំក្នុងល្ខោនខោល ប្រគំក្នុងល្ខោនស្រមោលស្បែកធំ។ល។ នាសម័យបច្ចុប្បន្នវង់ភ្លេងពិណពាទ្យ បានមានវត្តមានប្រគំកំដរក្នុងកម្មវិធីបុណ្យសាសនា ដូចជាពិធីបុណ្យបំបួសនាគ បុណ្យបញ្ចុះខណ្ឌសីមា បុណ្យកឋិនទាន បុណ្យបច្ច័យបួន ពិធីបុណ្យសព និងប្រគំជូនក្នុងកម្មវិធីបុណ្យនានាផងដែរ។

ជាកិច្ចបញ្ចប់ អង្គសិក្ខាសាលានេះ ក៏មានពិធីចែកវិញ្ញាបនបត្រដល់ក្រុមភ្លេងពិណពាទ្យដែលបានអញ្ជើញចូលរួមផងដែរ៕

More Stories

You may have missed

Copyright © All rights reserved. | Newsphere by AF themes.