November 26, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

“សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត”

“សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត” ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ ក្នុងការគ្រប់គ្រង សត្វពាហនៈ/សត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរ ឬឆ្លងកាត់ផ្លូវជាដាច់ខាត (មាត្រា៣៣ កថាខណ្ឌទី៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក)។ ករណីនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខូចខាតទ្រពសម្បត្តិ (យានយន្ត និងសត្វពាហនៈ…) ជាពិសេសបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃ បង្កឡើងដោយសត្វដែលខ្លួនបានកាន់កាប់(មាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧) ។ សូមបញ្ជាក់ផងដែរថា៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។ ផ្លូវល្បឿនលឿននេះ មានរបងសុវត្ថិភាព ដែលការពារមិនឱ្យមានការឆ្លងកាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗផងដែរ៕
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន២៩-០៩-២០២២

You may have missed

Copyright © All rights reserved. | Newsphere by AF themes.