ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងនិងក្រៅប្រទេស ជប៉ុនកំពុងពន្លឿន"ការធ្វើយោធូបនីយកម្មឡើងវិញ"ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងគិតពិចារណាពីការដាក់ចេញផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ ដែលខ្លឹមសារទាំងមូលត្រូវបានបញ្ជាក់ឱ្យបានច្បាស់ ហើយគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងសេចក្តីណែនាំអំពីការប្រើប្រាស់នៅចុងខែនេះ ។ នេះគឺជាទង្វើថ្មីបំផុតរបស់ជប៉ុនក្នុងការស្វែងរកការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធនិងបំបែកការជាប់ដៃជាប់ជើងពីរដ្ឋធម្មនុញ្ញសន្តិភាព ។ ប្រឈមមុខនឹងបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃស្ថានការណ៍ពិភពលោក "យោធានិយមបែបថ្មី"របស់ជប៉ុនបានបង្ហាញពីមុខមាត់ដ៏អាក្រក់ម្តងទៀតដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ ហើយបណ្តាលឱ្យប្រទេសជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ។ អនុលោមតាមគោលនយោបាយបច្ចុប្បន្ន ការនាំចេញបរិក្ខារការពារជាតិរបស់ជប៉ុនទៅកាន់ប្រទេសដទៃទៀតត្រូវបានកំណត់ជាគោលការណ៍លើអាវុធ ៥ ប្រភេទដែលអាចប្រើប្រាស់ជាសំខាន់ក្នុងវិស័យភស្តុភារកម្ម ដូចជាការជួយសង្គ្រោះនិងការដឹកជញ្ជូនជាដើម ។...
