រោងចក្រផលិតជីធម្មជាតិបានសាងសង់លើកទីមួយដែលចំណាយថវិកាប្រមាណ ១០លានដុល្លារដោយក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប(MRT)!
ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប(MRT) របស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាននឹងកំពុងតែសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ហើយមានកម្លាំងផលិតរហូតដល់ ១០០តោនក្នុងមួយថ្ងៃ ដោយនឹងចាប់ផ្ដើមបើកដំណើរការសាកល្បងផលិតជីធម្មជាតិនៅមុនបំណាច់ឆ្នាំ២០២៦ ខាងមុខនេះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប(MRT) បានឱ្យដឹងថា រោងចក្រនេះធ្វើឡើងស្របតាមបច្ចេកវិទ្យាចិន និងសាងសង់ដំឡើងដោយអ្នកជំនាញពីប្រទេសចិន មកពីក្រុមហ៊ុនដែលមានបទពិសោធន៍រហូតដល់ ១០០ឆ្នាំ។ លោកសង្ឃឹមថា ការផលិតនាពេលខាងមុខនឹងជួយកាត់បន្ថយការនាំចូលពីបរទេស និងការចំណាយរបស់ប្រជាកសិករក្នុងទិញជីធម្មជាតិ ដែលអាចនឹងមានតម្លៃទាបជាងទីផ្សារ។

អ្នកឧកញ៉ាបានបញ្ជាក់ថា៖ នឹងបន្តសាងសង់រោងចក្រផលិតជីធម្មជាតិនេះថែមទៀតប្រសិនបើរោងចក្រនេះ ដំណើរការល្អ ហើយមានវត្ថុធាតុដើមគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់។ ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាបានផ្ដាំផ្ញើសារសំខាន់ដល់ប្រជាកសិករថា «ធ្វើយ៉ាងណាកែច្នៃកាកសំណល់ដែលបានមកពីការដាំ និងចិញ្ចឹមសត្វឱ្យអស់លទ្ធភាព ដើម្បីជួយកាត់បន្ថយថ្លៃផលិត»៕

