អ្នកមីង សាយ គាវ ត្រូវប្អូនស្រីបង្កើតដាក់ពា្យស្នើសុំតុលាកាបែងចែកដីផ្នូរសពម្តាយមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
រាជធានីភ្នំពេញ៖ រឿងរ៉ាវដែលគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងគ្រួសារមួយដែលមានបងប្អូនស្រី៣ នាក់ ដែលបងស្រីទី១ រស់នៅសហរដ្ឋអាមេរិក បានផ្ញើប្រាក់មកអោយម្ដាយនិងប្អូនស្រីពៅ ទិញដីមួយកន្លែង ដើម្បីទុកជាទីបញ្ចុះសពម្ដាយ ពេលគាត់ចែកឋានទៅ តែពេលដែលម្ដាយទទួលមរណភាព ប្អូនស្រីពៅ បែជា ដាក់ពាក្យស្មើរសុំទៅតុលាការ អោយបែងចែកដីនេះ ជាបីចំណែកទៅវិញ ស្របពេលដែលផ្នូរសពម្ដាយបានបញ្ចុះ នៅក្នុងទីតាំងដីនោះ ដោយសំអាងថា ដីនោះជាកេរមរតករបស់ម្ដាយ។
ចុចទស្សនាវីដេអូ=>https://fb.watch/zNjthKJPkb/
ដំណើររឿងរ៉ាវនៃហេតុការណ៍នេះ មានដូចតទៅ៖
តាមការរៀបរាប់របស់អ្នកមីង សាយ គាវ បានលើកឡើងថា គ្រួសារគាត់មានបងប្អូនស្រីបង្កើតចំនួន៣ នាក់។
-បងទី១ ឈ្មោះ. សាយ គាវ (គាត់)
-ប្អូនស្រីទី២ ឈ្មោះ. សាយ ងីម
-ប្អូនស្រីទី៣ ឈ្មោះ. សាយ ហុង
ដែលមានឳពុកឈ្មោះ គឹម ឈាង ( ស្លាប់ក្នុងសម័យប៉ុល ពត ) និងម្ដាយឈ្មោះ មុយ ឆេង ( ពិការភ្នែកមួយចំហៀង និងស្លាប់ក្នុងឆ្នាំ២០១១ ) ។
អ្នកមីងបានបន្ថែមថា ក្រោយឆ្នាំ១៩៧៩ ក្នុងនាមជាបងស្រីច្បងក្នុងគ្រួសារ ដែលមានម្ដាយជាស្រីមេម៉ាយ ហើយពិការភ្នែកទៀតនោះ គឺជីវភាពក្នុងគ្រួសារមានការលំបាកណាស់ ម្យ៉ាងប្អូនៗ ស្រីទាំងពីរ ក៏នៅមិនទាន់មានគ្រួសារ ដូច្នេះគាត់ត្រូវរ៉ាប់រងបន្ទុកក្នុងគ្រួសារទាំងមូល ដែលកាលណោះ គាត់ប្រកបរបរជាអ្នក កាត់ដេរខោអាវ។
អ្នកមីងបានបន្ថែមថា ម្ដាយរបស់គាត់ពុំមានទ្រព្យសម្បត្តិ រឺ កេរមរតកអ្វីបន្សល់ទុកអោយកូនៗ នោះទេ ព្រោះចាប់តាំងពីក្រោយសម័យ ប៉ុល ពត ឆ្នាំ១៩៧៩មក ម្ដាយរបស់គាត់ មិនមានប្រកបមុខរបរអ្វីនោះទេ ដោយសារតែភាពចាស់ជរា និងពិការភ្នែកមួយចំហៀង។
ជាភ័ព្វសំណាង នៅចុងឆ្នាំ១៩៩៨ អ្នកមីង និងក្រុមគ្រួសារបានមានឱកាស ទៅរស់នៅសហរដ្ឋអាមេរិក និងបន្តរស់នៅរហូតមកដល់សព្វថ្ងៃនេះ។
មុនពេលចាកចេញទៅរស់នៅក្រៅប្រទេស ហើយត្រូវចាកឆ្ងាយពីម្ដាយចាស់ជរា និងមានជម្ងឺប្រចាំកាយផងនោះ ( កាលនោះម្ដាយគាត់អាយុ៨០ ឆ្នាំ ) គាត់ក៏មានបំណងរកទីតាំងដីមួយកន្លែង នៅជាយក្រុង ដើម្បីទុករៀបចំធ្វើជាទីបញ្ចុះសពជូនម្ដាយ ពេលគាត់ទទួលមរណភាពនៅថ្ងៃណាមួយ។

នៅអំឡុងឆ្នាំ២០០២ អ្នកមីង ក៏បានមកលេងស្រុកកំណើត ហើយក៏បាននាំម្ដាយ ទៅមើលដីមួយកន្លែង ជាមួយគាត់ដែលមានទំហំ៨៣៧៣ ម៉ែត្រការ៉េ ( ប្រាំបីពាន់ បីរយចិតសិបបីម៉ែត្រការ៉េ ) ដែលមានទីតាំងស្ថិតនៅ ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយមកដល់ទីតាំងដីផ្ទាល់ ម្ដាយរបស់អ្នកមីង គាត់ពេញចិត្តទីតាំងដីនោះ ដូច្នេះអ្នកមីងក៏សម្រេចចិត្តចិត្ត តថ្ងៃទិញដីនោះ ហើយបានព្រមព្រៀងគ្នាជាមួយអ្នកលក់ក្នុងតម្លៃ៣០០០$ ( បីពាន់ដុល្លារអាមេរិក ) តែពេលនោះអ្នកមីង មិនទាន់បានធ្វើកិច្ចសន្យា ទិញលក់ និងប្រគល់ប្រាក់នោះទេ ព្រោះគាត់ត្រូវប្រញាប់វិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ម្យ៉ាងដោយសារពេលនោះគាត់ក៏មិនទាន់មានប្រាក់គ្រប់ចំនួនផង។
ពេលទៅដល់សហរដ្ឋអាមេរិកវិញ ដោយទឹកចិត្ត កត្តញ្ញូចំពោះម្ដាយ អ្នកមីងបានដើររក ខ្ចីលុយពីមិត្តភក្តិខ្លះ ពីធនាគារខ្លះ ដើម្បីបង្រ្គប់ថ្លៃទិញដីនោះ ចំនួន៣០០០$ ( បីពាន់ដុល្លារអាមេរិក ) ពេលបានគ្រប់ចំនួនហើយ អ្នកមីងក៏បានផ្ញើប្រាក់នេះអោយទៅប្អូនស្រីពៅ ឈ្មោះ សាយ ហុង ដើម្បីទិញដីនោះ ហើយក្រោយមកទៀត គាត់ក៏បានផ្ញើប្រាក់បន្ថែមចំនួន៦០០$( ប្រាំមួយរយដុល្លារអាមេរិក )បន្ថែមទៀតសម្រាប់ថ្លៃរត់ការធ្វើប្លង់កម្មសិទ្ធិ។ ហើយទាក់ទងនិងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិពី អ្នកលក់ មកអ្នកទិញ ក្នុងនាមជាកូន និងបងស្រីក្នុងគ្រួសារដែលរស់នៅឆ្ងាយ អ្នកមីង ក៏បានសម្រេចចិត្ត អោយដាក់ឈ្មោះម្ដាយ(មុយ ឆេង) និងប្អូនស្រីពៅ(សាយ ហុង) ក្នុងប័ណ្ណកម្មសិទ្ធិជំនួសគាត់ ដើម្បីងាយស្រួលក្នុងការធ្វើឯកសារផ្លូវច្បាប់ផ្សេងៗ បន្តទៀត ដោយហេតុផលគាត់ផ្ទាល់រស់នៅឆ្ងាយ(សហរដ្ឋអាមេរិក)ពិបាកនឹងធ្វើដំណើរចុះឡើង។
ក្រោយមកអ្នកមីង បានទាក់ទងមកប្អូនស្រីពៅគាត់ឈ្មោះ សាយ ហុង(ប្អូនស្រីពៅ) ពីដំណើរការកាត់ឈ្មោះកម្មសិទ្ធិ ហើយក៏ទទួលបានដំណឹងថា ការងារកាត់ឈ្មោះរួចរាល់ហើយ។ បន្ទាប់មកអ្នកមីងក៏បានប្រាប់ទៅប្អូនស្រីពៅគាត់អោយ ធ្វើរបងបោះបង្គោលព្រំដីការពារ ចៀសវាងពីការរំលោភបំពានណាមួយពីអ្នកជិតខាង ហើយគាត់បានផ្ញើលុយ អោយប្អូនស្រីគាត់ចំនួន១០០០$ ( មួយពាន់ដុល្លារអាមេរិក ) បន្ថែមទៀតដើម្បីធ្វើរបងនិងបោះបង្គោល។
ក្នុងឆ្នាំ២០០៩ អ្នកមីងបានទទួលដំណឹងថា ម្ដាយរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ គាត់ក៏បានធ្វើដំណើរមកប្រទេសកម្ពុជាជាបន្ទាន់ដើម្បីមើលម្ដាយ និងបានយកម្ដាយទៅបន្តព្យាបាលនៅប្រទេសវៀតណាម។
តាមកបញ្ជាក់របស់អ្នកមីង រៀបរាប់ថា ពេលយកម្ដាយទៅព្យាបាលនៅប្រទេសវៀតណាមនោះ ម្ដាយគាត់បានលួចប្រាប់គាត់ថា ប្អូនថ្លៃរបស់គាត់ឈ្មោះ ឡុង ឆាយ ( ប្ដីប្អូនស្រីពៅ ) បាននិយាយថាពេលគាត់(ម្ដាយ)ក្មេកស្លាប់ទៅ អោយយកទៅបញ្ចុះនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាមទៅវិញ។
ក្រោយមកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ អ្នកមីង បានទទួលដំណឹងថាម្ដាយគាត់បានទទួលមរណភាពហើយ ។ ដោយរឿងរ៉ាវជម្លោះក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរ អ្នកមីងមិនហ៊ានមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យសពជូនម្ដាយនោះទេ ហើយអ្នកមីងក៏បាន ផ្ញើលុយចំនួន២០០០$ ( ពីរពាន់ដុល្លារអាមេរិក ) ជាប្រាក់សម្រាប់ទុករៀបចំធ្វើបុណ្យសពជូនម្ដាយ។ ក្រោយចប់ពិធីបុណ្យ សពរបស់ម្ដាយអ្នកមីង ត្រូវបានប្អូនៗ យកទៅបញ្ចុះនៅទីតាំងដី ដែលអ្នកមីងបានទិញទុកសម្រាប់បញ្ចុះសពម្ដាយគាត់នោះ។

អ្នកមីង សាយ គាវ បានរៀបរាប់បន្ថែមថា ស្រាប់តែនៅចុងឆ្នាំ២០២៣ ក្នុងខែកញ្ញា ប្អូនថ្លៃគាត់ឈ្មោះ ឡុង ឆាយ បានទាក់ទងមកគាត់ថា ដីផ្នូររបស់ម្ដាយគាត់ ត្រូវរដ្ឋចង់កាត់ឆ្វៀលយក ហើយអោយគាត់ផ្ញើប្លង់ដីកម្មសិទ្ធិ ជាប់ផ្លូវខាងមុខរបស់គាត់មកអោយពួកគាត់ទៀត ដោយប្រាប់ថាមានអ្នកមានអំណាច មានបំណងចង់យកដីផ្នូរនេះ។
អ្នកមីងបានបញ្ជាក់បន្ថែមថា អ្នកមីង មានដីកម្មសិទ្ធិផ្ទាល់ខ្លួនមួយកន្លែងនៅជាប់ផ្លូវចូលដីផ្នូរម្ដាយរបស់គាត់ ដែលមានឈ្មោះកម្មសិទ្ធិ ហើយបានទិញអំឡុងពេល ក្រោយទិញដីសម្រាប់បញ្ចុះសពនេះ។ ក្រោយមកទៀត ប្អូនស្រីពៅរបស់គាត់ ក៏បានទាក់ទងមកគាត់ម្ដងទៀត និងសួររកប្លង់កម្មសិទ្ធិដីជាប់ផ្លូវផ្នូរនេះអោយគាត់ ដូចប្អូនថ្លៃគាត់សួររកដែរ ( ដែលមានខ្លឹមសារលម្អិតនៃការសន្ទនាក្នុងខ្សែអាត់សម្លេង )។
ក្រោយពីអ្នកមីងបដិសេធមិនព្រមប្រគល់ប្លង់ដីកម្មសិទ្ធិផ្ទាល់ខ្លួនមកអោយ ស្រាប់តែពេលថ្មីៗ នេះអ្នកមីងបានទទួលដំណឹងថា ប្អូនស្រីពៅរបស់គាត់ ឈ្មោះ សាយ ហុង បានដាក់ពាក្យស្នើសុំអោយតុលាការ បែងចែកនូវចំណែកពាក់កណ្តាលនៃដីខាងលើ ជាបីចំណែកទៅវិញ លើចំណែកឈ្មោះម្ដាយរបស់អ្នកមីងទៅវិញ ដែលបច្ចុប្បន្នសំណុំរឿងនេះ កំពុងដំណើរការនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង រដ្ឋប្បវេណីលេខ១០៧ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ជាចុងក្រោយអ្នកមីង សាយ គាវ បាននិយាយដោយ ដំណក់ទឹកភ្នែកថា ទឹកចិត្តជាកូនស្រីច្បងក្នុងគ្រួសារ ក្នុងភាពកត្តញ្ញូចំពោះម្ដាយ គាត់ខំខ្ចីលុយគេ ដើម្បីទិញដីទុកបញ្ចុះសពម្ដាយ ដើម្បីអោយបងប្អូនស្រី ទាំងបីនាក់បានឃើញផ្នូរសពម្ដាយ សម្រាប់ទុកជាកន្លែងធ្វើបុណ្យឧទ្ទិសកុសលជូនម្តាយ ពេលដល់ពិធីបុណ្យប្រពៃណីផ្សេងៗ ដែលជាកន្លែងជួបជុំគ្រួសារដ៏កក់ក្តៅ ហើយម្យ៉ាងទៀតក្នុងនាមគាត់ជាបងស្រីច្បង គាត់មានទឹកចិត្ត ស្រឡាញ់ប្អូនៗណាស់ ហើយគាត់ស្ទើរតែមិនជឿនិងទទួលយកបានថា ប្អូនស្រីបង្កើតជាទីស្រឡាញ់របស់គាត់ ដែលគាត់មើលថែតាំងតែពីតូចៗ និងទុកចិត្តបំផុតបែជាធ្វើទង្វើដាក់គាត់បែបនេះទៅវិញ ព្រោះដីនេះជាញើសឈាមរបស់គាត់ គឺបំណងតែម្យ៉ាងគត់គឺ ទុកសម្រាប់បញ្ចុះសពម្ដាយ ដើម្បីអោយប្អូនៗ មើលថែជំនួសគាត់ ដោយសារគាត់រស់នៅឆ្ងាយពីប្អូនៗ និងផ្នូរសពម្ដាយ។
បើទោះបីជាមានរឿងយ៉ាងនេះក្ដី អ្នកមីងបានបន្ថែមថា គាត់មិនបានខឹង រឺគុំគួនអ្វីជាមួយប្អូនស្រី(សាយ ហុង) គាត់ដែរ ព្រោះជាប្អូនបង្កើតរបស់គាត់ ដែលកំព្រាឪពុកតាំងពីក្មេងៗ ហើយឆ្លងកាត់ជីវិតដែលលំបាកយ៉ាងណា ក៏បងស្រីម្នាក់នេះ មិនខឹងប្អូនដែរ ហើយសង្ឃឹមថាប្អូនស្រីរបស់គាត់និងភ្ញាក់រលឹក ហើយបញ្ចប់រឿងនេះវិញទៅចុះ ដោយទុកដីមួយកន្លែងនេះសម្រាប់អោយ វិញ្ញាណខន្ធ របស់ម្ដាយយើងគាត់បានស្ងប់ចិត្ត (បើគាត់នៅរស់ ម្ដាយយើងនិងពិបាកចិត្តខ្លាំងហើយ បើឃើញកូនៗឈ្លោះគ្នាបែបនេះ) និងទុកកន្លែងសម្រាប់អោយកូនចៅជំនាន់ក្រោយគោរពបូជា និងធ្វើបុណ្យផ្សេៗឧទិសកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែរបានចែកឋានផងចុះ។
អ្នកមីង ក៏បានសំណូមពរផងដែរ ដល់សាលាដំបូងរាជធានីភ្នំពេញក្នុងការកាត់សេចក្ដីដោយសុក្រឹតយុត្តិធម៌ ក្នុងសំណុំរឿងនេះផងដែរ សម្រាប់រូបគាត់ផ្ទាល់។
យ៉ាងណាការលើកឡើងខាងលើនេះ គឺជាការរៀបរាប់និងអះអាង របស់អ្នកមីង សាយ គាវ តែភាគីម្ខាងតែប៉ុណ្ណោះ។
អង្គភាព សារព័ត៌មាន គេហទំព័រ 7មករាញូស៍ យើងខ្ញុំ រង់ចាំការបកស្រាយ និងបំភ្លឺពីភាគីម្ខាងទៀត គឺអ្នកមីង សាយ ហុង នឹងស្វាមីឈ្មោះ ឡុង ឆាយ ដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់អ្នកទាំងពីរយ៉ាងណា ពីដំណើររឿងរ៉ាវខាងលើនេះបន្ថែមទៀត។
