November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារបានស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ដល់ពួកគាត់ផងរឿងបោះបង្គោលព្រំព្រែកជីកហ្វូណនតេជោមានភាពខុសប្រក្រតី!

ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួម អភិបាល អភិបាលរង នាយករដ្ឋបាល មន្ត្រីពាក់ព័ន្ធ រដ្ឋបាលស្រុកស្អាង លោកមេឃុំ ក្រុមប្រឹក្សា ស្មៀនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងអនុភូមិ ពោធិ៍កណ្តាល និងភូមិពោធិ៍ក្រោម ប្រជាការពារ ក្នុងឃុំត្រើយស្លា បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងការបោះបង្គោលព្រំកំណត់និយាមកាបញ្ចប់ ទីតាំង នៃគម្រោងព្រែកជីកហ្វូណនតេជោ (កំណាត់ទី១ ប្រវែង២១ គីឡូម៉ែត្រ)ក្នុងភូមិសាស្ត្រឃុំត្រើយស្លា ស្រុកស្អាង និងស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ។

ប្រជាពលរដ្ឋចំនួនជាង១០០ គ្រួសារដែលរស់នៅក្នុងភូមិពោធ៍ក្រោម ឃុំត្រើស្លា ស្រុកស្អាង ខេត្តកណ្ដាលបាននាំគ្នា ស្នើសុំដល់ សម្ដេចតេជោហ៊ុនសែននិងសម្ដេចបបរធិបតីហ៊ុនម៉ាណែត ជួយអន្តរាគមន៍ដល់ពួកគាត់ផង ដោយក្នុងការបោះបង្គោលព្រំនិងកំណត់និយាមកាបញ្ចប់ ទីតាំង នៃគម្រោងព្រែកជីកហ្វូណនតេជោ (កំណាត់ទី១ ប្រវែង២១ គីឡូម៉ែត្រ)ក្នុងភូមិសាស្ត្រឃុំត្រើយស្លា ស្រុកស្អាង និង ស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ។

ក្នុងការបោះបង្គោលកំណត់និយាមកា ព្រំ បញ្ចប់ ទីតាំង នៃគម្រោងបានតែ១ថ្ងៃ ស្រាប់តែនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មានស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ អមដោយកងកម្លាំង ប៉ូលីស និង ប៉េអឹម(PM) មកដកបង្គោល L67A , L68A ,L69A ,L70A ,L71A និង L71B ហើយយកបង្គោលទាំងនេះមកដាំបោះរំកិលចម្ងាយបន្ថែម ចំនួន៣០០ម៉ែត្រទៀត ដែលទាំងទីតាំងនេះបានកំណត់ ដោយគណៈកម្មការវាស់វែង និងមានការឯកភាពគ្នាពីរប្រជាពលរដ្ឋរួចមកហើយដែរ។

ជាក់ស្ដែងកាលពីនៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានមកជួបជុំគ្នានៅទីតាំងខាងលើ លោក អ៊ឹង ហុកទ្រី តំណាងប្រជាពលរដ្ឋ បានលើកឡើងថា៖
«ពួកយើងខ្ញុំមានបញ្ហា រឿងខុសប្រក្រតីចំពោះការបោះបង្គោលកំណត់និយាមកាព្រំបញ្ចប់ ទីតាំង នៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ! ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងទាំងអស់មានការអបអរសាទរ និង គាំទ្រសមិទ្ធផលជាតិមួយនេះដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងពេញទំហឹង តែដោយហេតុនៃការបោះបង្គោលមិនប្រក្រតី ការចុះវាស់វែងក៏មិនប្រក្រតី ទីមួយ មានគណៈកម្មការចម្រុះដែលមានឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងអភិបាលស្រុក លោកបានមកបោះបង្គោលនៅថ្ងៃទី២០ ខែ១២ ឆ្នាំ២០២៤ គាត់បានមកបោះបង្គោលកំណត់យក៣០០ ម៉ែត្ររួចរាល់ហើយ បានថតរូបភាពជាអនុស្សាវរីយ៍ទៀតជាមួយគណៈកម្មការចម្រុះ និងមានការឯកភាពពីប្រជាពលរដ្ឋផងដែរ» ។

លុះស្អែកឡើងថ្ងៃទី២១ ខែ១២ ឆ្នាំ២០២៤ មានមនុស្សមួយក្រុម មានមនុស្សស្រីម្នាក់ អត់ស្គាល់អត្តសញ្ញាណ ពលរដ្ឋយើងអត់ដែលស្គាល់មុខទាំងអស់ ក្នុងនោះមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំត្រើយស្លា និង ប៉េអឹមស្រុក ចុះមកជាមួយមនុស្សស្រីម្នាក់ហ្នឹងដកបង្គោលបង្ខិត៣០០ម៉ែត្រទៀតក្នុងនោះក៏គ្មានការជូនដំណឹង ជាលិខិតអ្វីមកប្រជាពលរដ្ឋយើងទេ។

លោកបានបន្តទៀតថា៖ «ពួកគាត់មិនយល់ព្រមទេ នៅពេលដែលបង្ខិតបង្គោលបន្ថែម៣០០ ម៉ែត្រថែមទៀត ក្នុងនោះមានក្បាលដីសុទ្ធតែម៉ុង(ផ្នូរ)ពីដូនតាតជំនាន់ មានចំនួន ១០០(មួយរយ) ទៅ ២០០(ពីររយ)ម៉ុង(ផ្នូរ)» ។

ក្នុងនោះដែរអ្នកស្រី ទី សុខចាន់ តំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពោធ៍ក្រោម និង ពោធ៍កណ្ដាល បានលើកឡើងបន្តថា៖
«នាងខ្ញុំជាពលរដ្ឋតំណាងទាំងពីរភូមិ គឺ៖ (ភូមិពោធិ៍កណ្ដាល និង ពោធិ៍ក្រោម)សូមគោរពដល់សម្ដេចពុកនិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំជាប្រជាជនដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ជាតិ យើងខ្ញុំទាំងអស់មានការគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីក របស់សម្ដេចតេជោ សែន ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចទាំងពីរ ។
ដោយហេតុមានផលប៉ះពាល់ដូចជាពួកខ្ញុំទាំងអស់គ្នានេះ សូមសំណូមពរដល់សម្ដេច អំពីការជីកព្រែកនេះ សូមឲ្យគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺកំណត់ ១៦០ម៉ែត្រ ដែលបានប្រកាសដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងមក ប៉ុន្តែជាក់ស្ដែងក្រុមការងារចុះវាស់វែង វាស់រហូតដល់ទៅ៦០០ម៉ែត្រ ទីពីរខ្ញុំសូមសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់ សូមជួយបញ្ជាក់ឲ្យបានច្បាស់អំពីជម្រៅទំហំព្រែក ទីតាំងព្រែក ឲ្យពិតប្រាកដ។

ទាក់ទងនឹងករណីខាងលើនេះ ឯកឧត្តម គួចចំ រើន អភិបាល គណៈអភិបាល ខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៌មានថា៖

«ខ្ញុំសុំឱ្យសួរទៅក្រសួងសាធារណការ គាត់ជាម្ចាស់ដើមចមនៃការវាស់វែង ខ្ញុំសុំបញ្ជាក់តាំងពីខ្ញុំទៅទើបតែលើកទីមួយហ្នឹង អញ្ចឹងវាអត់មានទីមួយទី២ ទៀតទេ បើចង់ច្បាស់សុំសួរទៅខាងក្រសួងសាធារណការ»។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ពុំអាចទំនាក់ទំនងទៅអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបាននៅឡើយទេ ដោយពុំមានលេខទូរសព្ទ ។

 

«ស្នាមមេដៃស្នើសុំរបស់ប្រជាពលរដ្ឋ»

អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេត្រឹមជាអ្នកនាំសារពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋ និងពីពលរដ្ឋទៅថ្នាក់ដឹកនាំវិញ គ្រាន់ជាដំណឹង និងជាកញ្ចក់ឆ្លុះបញ្ចាំងស្វែងរកកាពិត ភាពស្អាតស្អំ ឱ្យមានតម្លាភាពជូនភាគីទាំងសងខាង ឬការរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ និងធ្វើកែតម្រូវគ្រប់ភាគី ព្រមទាំង ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមច្បាប់នៃរបបអ្នកសារព័ត៌មាន ៕

 

You may have missed

Copyright © All rights reserved. | Newsphere by AF themes.