April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

«ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ»

យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទសូមចេញសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។

នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

បច្ចុប្បន្នភាពនេះ យោធភូមិភាគទី៥ បានលើកឡើងផងដែរថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការអះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់បន្ថែមថា កម្ពុជា និងភាគីថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០(MOU2000)។

អះអាងសាជាថ្មីម្តងទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ៕

Copyright © All rights reserved. | Newsphere by AF themes.