ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថានៅរសៀលនេះ ឧត្តម បានជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានាដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីថាមិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈចំពោះជនណាដែលមាន៖
-វិល្លាសស្មារតី
-ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន
-ជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿងញៀន និងបានបញ្ជាក់ពីផលវិបាកមួយយចំនួនដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។
បន្ថែមលើនេះទៀតឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជាតុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយសង្គម។

ឯកឧត្តមរដ្ឋមន្ត្រីសូមអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
«យើងទាំងអស់គ្នារួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន»។

រូបថតដោយ ខឹម សុវណ្ណារ៉ា
