November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ទាត់ចោលការចោទប្រកាន់ពីភាគីថៃថាលោកជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា-ថៃ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយ សម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំនេះ លោក Anwar បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់។ ដំបូងគេបំផុតក្នុងនាមជាអ្នកជិតខាង ជាការពិតណាស់យើងមានការព្រួយបារម្ភពីជម្លោះ ប៉ុន្តែយើងមិនបានលូកដៃចូលពាក់ព័ន្ធនោះទេ»។ លោក បន្ថែមថាម៉ាឡេស៊ីបានត្រឹមជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងកម្ពុជា និងថៃប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សា និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងប្រទេសទាំង២។ តាមលោក Anwar កម្ពុជា និងថៃបានចាត់ទុកម៉ាឡេស៊ីជាមិត្ត ហើយម៉ាឡេស៊ីក៏មិនបានផ្ដល់ការណែនាំ ឬវិធីសាស្ត្រពិសេសថាតើកម្ពុជា និងថៃត្រូវដោះស្រាយបញ្ហាដោយរបៀបណានោះដែរ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.