January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រជាពលរដ្ឋចំនួន១៦៦គ្រួសារផ្ទុះការតវ៉ា និងបានដាក់ពាក្យសុំ អន្តរាគមន៍ ទប់ស្កាត់ការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ របស់មន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ខេត្តកណ្តាល!

កណ្ដាល៖ រឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានកើតឡើងចាប់តាំងពីអំឡុងឆ្នាំ២០១៩ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋ អាចទទួលយកបាននៅឡើយទេ។

ដំណើរនៃវិវាទនេះមានដូចតទៅ :
ប្រជាពលរដ្ឋចំនួន១៦៦ គ្រួសារដែលរស់នៅ ចំណុចបឹងវៀន ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលរស់នៅនិងអាស្រ័យផលលើផ្ទៃដីចំនួន១៤៥ ហិកតាតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ បានយល់ព្រមលក់ដីនេះអោយទៅឈ្មោះ សាំង ប៊ុនធឿន ហៅ អ៊ឹម សំអាន ដែលរស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងឈ្មោះ ភុំ អុន រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ ហើយបានកាន់កាប់និងអាស្រ័យផលបន្តពីប្រជាពលរដ្ឋ ដោយពុំមានបញ្ហាឬ ជម្លោះជាមួយភាគីណាមួយឡើយ។ ស្រាប់តែមកដល់ឆ្នាំ២០១៩ ក៏មានឈ្មោះ ជូ សាវុធ ដែលជាអធិការរងនគរបាលស្រុកលើកដែកនិងឈ្មោះ ហ៊ាង ពិសេស ជាអនុប្រធានមន្ទីរអប់រំស្រុកលេីកដែក បានអះអាងថាបានទិញដីនេះ ពីប្រជាពលរដ្ឋអស់ហើយដែរ។

តែបើតាមការសាកសួរនិងបំភ្លឺរបស់ប្រជាពលរដ្ឋទាំង១៦៦ គ្រួសារ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការថា ពួកគាត់មិនបានលក់ដីនេះ ទៅអោយឈ្មោះ ជូ សាវុធ និងឈ្មោះហ៊ាង ពិសេស នេះទេ។ ហើយចំណុចនេះហើយ ទើបពួកគាត់ទាំងអស់ បានដាក់ពាក្យស្នើសុំ អន្តរាគមន៍ទប់ស្កាត់ការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិដីធ្លី ពីមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្តាល។

តាមការបំភ្លឺបន្ថែមពីលោក សាំង ប៊ុនធឿន ហៅ អ៊ឹម សំអាន និងលោក ភុំ អុន ដែលជាតំណាងប្រជាពលរដ្ឋម្ចាស់ដីទាំង១៦៦ គ្រួសារ បានលើកឡើងថា ទាក់ទងនឹងរឿងវិវាទដីធ្លីមួយកន្លែងនេះ រូបគាត់ផ្ទាល់ រួមទាំងប្រជាពលរដ្ឋទាំងអស់ បានដាក់ពាក្យបណ្តឹងទៅសាលាឃុំ កំពង់ភ្នំ ដែលមានលោក នៅ ទូច ជាមេឃុំ បានធ្វើរបាយការណ៍ទទួលលេខ ៦៣៥/២៣ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជូនទៅរដ្ឋបាលស្រុក លើកដែកផងដែរ តែនៅមិនទាន់មានចំណាត់ការនៅឡើយ បន្ទាប់ពីមានការសម្របសម្រួលកោះប្រជុំពីអាជ្ញាធរឃុំ ដេីម្បីរកដំណោះស្រាយចំនួនពីរលើកបានបរាជ័យ ដោយភាគីទាំងសងខាងមិនឯកភាពគ្នា។

បន្ថែមពីនេះ តំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋទាំងអស់បានរៀបរាប់ទៀតថា ពួកគាត់បានដាក់ពាក្យ សុំអន្តរាគមន៍ទប់ស្កាត់ការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិនេះ ទៅសាលាស្រុក លើកដែក ដែរ តែត្រូវបដិសេធមិនទទួល…!

ជាសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ សូមគោរពស្នើរសុំ អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលអាចទទួលយកបាន ពិសេសស្នើរ សុំលោក ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តកណ្តាល មេត្តាទទួលយកពាក្យសុំ អន្តរាគមន៍ទប់ស្កាត់ការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ នេះ នឹងជួយរកដំណោះស្រាយណាមួយ ដែលភាគីទាំងអស់ អាចទទួលយកបាន ក្រោមគោល នយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរស់នៅក្រោមដំបូល សុខសន្តិភាពតែមួយ ដែលមានសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងសម្ដេច តេជោ ហ៊ុនសែន អគ្គមគ្គុទេសក៍ឯកនៃកម្ពុជា។

(ជុំវិញបញ្ហានេះអង្គភាពយើងខ្ញុំ បានធ្វើការទំនាក់ទំនងដើម្បីបកស្រាយបំភ្លឺពីអាជ្ញាធរជំនាញ និងភាគីឈ្មោះ ជូ សាវុធ តែមិនទាន់មានការបកស្រាយច្បាស់លាស់នៅឡើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជាក់ពីភាពស្អាតស្អំនៃភាគីទាំងសងខាង..)។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.