January 11, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ជិត៣ឆ្នាំហើយជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យពិការជើងទាំងពីរអស់មួយជីវិត មិនទាន់ទទួលបានសំណងផង…បែរជាតុលាការសម្រេចដោះលែងទណ្ឌិតឲ្យមានសេរីភាពទៅវិញ!

(ភ្នំពេញ)៖ រឿងរ៉ាវនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីឆ្នាំ២០២៣ បានអូសបន្លាយអស់ពេលជិត៣ឆ្នាំទៅហើយ តែជនរងគ្រោះមិនទាន់ទទួលបាននូវយុត្តិធម៌ទេ នោះគឺ ប្រាក់សំណង ក្រោយស្ថាប័នតុលាការទាំងបីជាន់ថ្នាក់ ( សាលាដំបូងរាជធានីភ្នំពេញ. សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ) សម្រេចឲ្យជនល្មើសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងសងសំណងទៅជនរងគ្រោះចំនួន៦០លានរៀល។ ស្របពេលដែលសាលដីកាតុលាការកំពូលបានចូលជាស្ថាពរ ទណ្ឌិត ឈ្មោះ ខា ផេង មិនទាន់ទាំងបានសងសំណងដល់ជនរងគ្រោះផង ស្រាប់តែតុលាការដោះលែង ទណ្ឌិតនោះ អោយមានសេរីភាពទៅវិញ។

សូមបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ឯម ឧត្តម ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទីព្រឹកត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវចូលបុរីជីបម៉ុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបណ្តាលមកពីរថយន្ត ចំនួនបីគ្រឿងបុកបន្តកន្ទុយគ្នា ធ្វើអោយជនរងគ្រោះរងរបួសធ្ងន់ ដោយបាក់ជើងទាំងសងខាងខ្ទេចទាំងស្រុងព្រោះបុកផ្ទប់ខ្លាំង។ ក្រោយហេតុការណ៍នេះក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី។ ក្រោយការសម្របសម្រួលរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានកោះអញ្ជើញភាគីទាំងសងខាង មកសម្រួលរកដំណោះស្រាយចំនួនពីរលើក តែមិនទទួលបានលទ្ធផល។
ជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនិតិវិធី។


ក្រោយសំណុំរឿងនេះបានបញ្ជូនដល់ស្ថាប័នតុលាការ សាលាដំបូងរាជធានីនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ខា ផេង ភេទប្រុស អាយុ៤៥ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ ៦ខែ ពីបទ បើកបរបណ្តាលឱ្យរងរបួសដល់អ្នកដទៃ នឹងបង្គាប់អោយជនជាប់ចោទឈ្មោះ ខា ផេង សងសំណងការខូចខាតចំនួន ៦០០០០០០០៛ (ហុកសិបលានរៀល) ទៅជនរងគ្រោះ តែមិនបានបង្គាប់ឲ្យជនល្មើសនោះសងសំណងជាមុនឡើយ។ ឯជនជាប់ចោទឈ្មោះ ខា ផេង បន្តដាក់ពាក្យបណ្តឹងទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ហើយបន្តឃុំខ្លួនជនជាប់ចោទតាមនិតិវិធីច្បាប់ តែក៏មិនបានបង្គាប់ឲ្យជនជាប់ចោទឈ្មោះ ខា ផេង សងសំណងមកជនរងគ្រោះដែរ។ ជនជាប់ចោទឈ្មោះ ខា ផេង នៅតែមិនព្រមទទួលការសម្រេចរបស់សាលាឧទ្ធរណ៍ ក៏បន្តដាក់ពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូលទៀត។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ តុលាការកំពូល បានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការពេញទាំងមូល។


ក្រោយការសម្រេចរបស់តុលាការទាំងបីជាន់ថ្នាក់បានសម្រេចផ្តន្ទាទោសជនជាប់ចោទទៅហើយក្តី តែមិនបានបង្គាប់ឲ្យជនជាប់ចោទសងនូវសំណងដល់ជនរងគ្រោះឡើយ ខណៈដែលជនរងគ្រោះខ្វះខាតជីវភាព ដង្ហោយហៅស្ថាប័នច្បាប់ទាំងបីថ្នាក់នេះ ឲ្យជួយសម្រេចបង្ខំជនល្មើសសងនូវសំណង។

បច្ចុប្បន្ននេះ ជនរងគ្រោះនៅតែមិនទាន់ទទួលបានសំណងនៅទ្បើយ ហើយទណ្ឌិតឈ្មោះ ខា ផេង ក៏ត្រូវបានតុលាការដោះលែង និងដើរហើរយ៉ាងរំភើយដូចមិនមានរឿងអ្វីកើតឡើង។

ជាសំណូមពររបស់ជនរងគ្រោះ ស្នើសុំដល់ស្ថាប័នតុលាការមេត្តាជួយផ្តល់នូវយុត្តិធម៌ដល់ពួកគាត់ផង ដោយគាត់រងគ្រោះព្រោះទណ្ឌិតឈ្មោះ ខា ផេង បុកបណ្តាលឲ្យពិការជើងទាំងពីរអស់មួយជីវិតទៅហើយ មិនគួរឲ្យគាត់បន្តរងគ្រោះ ដោយសារតែតុលាការដោះលែងទណ្ឌិតឈ្មោះ ខា ផេង ទាំងដែលមិនបានឲ្យទណ្ឌិតនោះសងនូវសំណងតាមផ្លូវច្បាប់ដូច្នេះទេ។


ជនរងគ្រោះបច្ចុប្បន្ន ក្រោយពិការជើងបានបាត់បង់សមត្ថភាពជាបង្គោលគ្រួសារ ហើយជីវភាពកាន់តែក្រលំបាកទៅៗ ព្រោះ ត្រូវការចំណាយថវិការច្រើន ទាំងក្នុងជីវភាពប្រចាំថ្ងៃ ទាំងថ្លៃព្យាបាល និងរ៉ាប់រងសេដ្ឋកិច្ចគ្រួសារទាំងមូលនិងទ្រទ្រង់ឲ្យកូនតូចៗក្នុងបន្ទុកបីនាក់បន្តរៀនសូត្រទៀត។

ជាមួយគ្នានេះត្រូវដោះស្រាយបំណុលដែលបានខ្ចីសម្រាប់ការព្យាបាលជម្ងឺព្រោះតែគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ។ ជនរងគ្រោះស្នើសុំឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារខ្លួនដែលកំពុងរងទុក្ខលំបាកនេះផង។

ជាមួយគ្នានេះជនរងគ្រោះ និងគ្រួសារទាំងមូលស្នើសុំដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយជម្រុញតុលាការអនុវត្តច្បាប់ ដើម្បីផ្តល់នូវយុត្តិធម៌ពេញលេញដល់ជនរងគ្រោះ និងស្នើសុំឲ្យដាក់គុកបង្ខំដល់រូបកាយ បើទណ្ឌិតឈ្មោះ ខា ផេង ដែលមានចេតនាគេចវេសមិនទទួលខុសត្រូវសងសំណងដល់ជនរងគ្រោះ ព្រោះជិត៣ឆ្នាំហើយតុលាការមិនបានសម្រេចឲ្យទណ្ឌិតឈ្មោះ ខា ផេង សងសំណងដល់ជនរងគ្រោះសោះ៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.