ប្រវត្តិបុណ្យវិសាខបូជា
ព្រះសមា្មសម្ពុទ្ធទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៤ឆ្នាំហើយ។ ព្រះទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះបុណ្យវិសាខបូជា តំណាងឱ្យថ្ងៃទាំងបីទាក់ទងនឹងដំណើរជីវិតរបស់ព្រះសមា្មសម្ពុទ្ធ។ ទាក់ទងនឹងកំណើតបុណ្យវិសាខបូជានៅក្នុងសង្គមខ្មែរ តាមការចុះផ្សាយរបស់គេហទំព័រ ៥០០០ឆ្នាំ បានបញ្ជាក់ថា “បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គ ជាដំបូងព្រោះថា កាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៤ សម្ដេចព្រះអង្គឌួងទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំឱ្យធ្វើទូទៅក្នុងកម្ពុជរដ្ឋ”។
នៅក្នុងសៀវភៅឈ្វេងយល់វិសាខបូជា ទិវានៃការត្រាស់ដឹង រៀបរៀងដោយ ធម្មបណ្ឌិត ហេង មណីចិន្តា បានសរសេរថា “យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតយើងរាល់ថ្ងៃបាន”។ លោកបានពន្យល់ថា ថ្ងៃប្រសូត្រ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឱ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំងប្រាំពីរតាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើងនិងបានសម្រេចរួចមកហើយ។
ចំណែកថ្ងៃត្រាស់ដឹង កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឱ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួននិងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ។ ថ្ងៃបរិនិព្វាន សេចក្តីស្លាប់គឺជាធម្មជាតិរបស់សព្វមនុស្សសត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឱ្យស្ថិតស្ថេរយូរអង្វែង។
សូមបញ្ជាក់ថា បុណ្យវិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្សទាំងបីនៃដំណើរជីវិតរបស់ព្រះសម្ពុទ្ធបរមគ្រូ។ អាស្រ័យហេតុនេះ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខ ទុកនៃពិធីសក្ការបូជា “វិសាខបូជា” ជាដរាបរៀងរាបមកទល់បច្ចុប្បន្ន។
