កម្ពុជាបានសម្រេចបញ្ជូននូវវិវាទតំបន់ដែលមានភាពរសើបចំនួន៤តាមព្រំដែនថៃ ទៅកាន់តុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ!
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មី នៅក្នុងសេចក្តីថ្លែងការនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្ពុជានឹងយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និង តំបន់មុំបី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិមួយនេះកាត់សេចក្ដីឱ្យ។ ហើយប្រជាពលរដ្ឋកម្ពុជាទូទាំងនគរបានផ្តល់បេះដូង ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងក្លៀវក្លាបំផុតចំពោះរដ្ឋាភិបាលលើបញ្ហានេះ ព្រោះដើម្បីកុំឱ្យបន្តឈឺក្បាលតទៅទៀត។

ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនៅក្នុងវេទិការសមាជព្រឹទ្ធសភា និងរដ្ឋសភា កាលពីដើមសប្តាហ៍នេះថា បញ្ហានេះ យើងបានចរចារជាមួយភាគីថៃអស់រយៈពេលជាង២៥ឆ្នាំមកហើយ តែគ្មានបានលទ្ធផលអ្វីទាំងអស់ ដូច្នេះមានតែយន្តការនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ទេ ទើបជ្រះស្រឡះ។

បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា នៅក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏នឹងបន្តការចរចាទ្វេភាគីជាមួយថៃផងដែរ ដោយប្រើយន្តការដែលមានស្រាប់គឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ប៉ុន្តែដោយសារតែកម្ពុជាសម្រេចយកតំបន់ទាំង៤ខាងលើ ទៅឲ្យ ICJ កាត់សេចក្តីហើយ ដូច្នេះ តំបន់ទាំង៤នេះ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC ខាងមុខនេះទេ សូមជ្រាប៕

