គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចការសាងសង់បាន៣៩,២%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការបានឱ្យដឹងថា៖
ស្ពាននេះសម្រេចការសាងសង់បាន៣៩,២%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ និងបានដំណើរការសាងសង់ដោយរលួន និងមិនយឺតជាងផែនការគ្រោងទុកទេ។
ស្ពានដីឥដ្ឋ-ថ្មគរ កគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៨ ដែលមានរយៈសាងសង់៤៨ខែ។
ស្ពានដីឥដ្ឋ-ថ្មគរ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និង ឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរ ស្ថាបនាឡើងជាប្រភេទស្ពានបេតុង ដោយប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ ម៉ែត្រ ក្នុងនោះតួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន៤ខ្សែ៕

