November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ

នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ ។
សម្តេចតេជោបានមានប្រសាសន៍ថា កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។
សម្តេចបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាជនកម្ពុជាតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងបញ្ហាព្រំដែន សម្តេចតេជោបានមានប្រសាសន៍ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។ កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨៥០ គីឡូម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០ គីឡូម៉ែត្រ។ សម្ដេចបានចោទសួរថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា។


សម្តេចបានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី។
សម្តេចតេជោបានចោទជាសំណួរទៅកាន់ពួកប្រឆាំងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជាមួយសត្រូវហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង លើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការឡាអេរឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។ សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំងនោះដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ។សម្ដេចតេជោបានណែនាំទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងឃុបឃិតជាមួយប្រទេសប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ។


សម្ដេចតេជោបន្តថា ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភាដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេណដ្ឋាន ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្រើប្រាស់បានក៏ដោយ។សម្តេចតេជោបានថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវយុទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។
សម្តេចតេជោ បានមានប្រសាសន៍ថា ប្រសិនបើសប្បុរសជនចង់យកអំណោយផ្សេងៗ មកជូនកងទ័ពនៅសមរភូមិមុខ ក្រៅពីស្បៀងអាហារផ្សេងៗ យើងអាចមកទិញបន្លែផ្ទាល់នៅក្នុងខេត្តព្រះវិហារ ដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកចិត្តដាំដំណាំ និងជួយលើកតម្កើងផលិតផលខ្មែរ។សម្ដេចតេជោចោទសួរថា ថៃបានចោទកម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា? ។ សម្ដេចបានណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅខេត្តព្រះវិហារ, បំផុសការផលិត រៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឱ្យរៀបចំដាំដុះនូវអ្វីដែលជាតម្រូវការកងទ័ព ដើម្បីផ្គត់ផ្គង់កងទ័ព ហើយកុំទៅទិញបន្លែ ផ្លែឈើពីឬត្រីពីភ្នំពេញ ប៉ុន្ដែត្រូវទិញពីពលរដ្ឋនៅក្នុងខេត្ត។


សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ។ ប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវ។
សម្តេចជាមនុស្សដែលមានគុណធម៌ ហើយក៏មិនក្បត់អ្នកណាមុនដែរ សម្តេចសុខចិត្តឱ្យគេក្បត់សម្តេចមុន ឥឡូវគេក្បត់សម្តេចមុនហើយ។ ដូច្នេះសម្តេចត្រូវនិយាយរឿងនេះ ហើយកុំថាសម្តេចក្បត់គុណធម៌។ សម្តេចបញ្ជាក់ទៀតថា សម្តេចជូនទៅប្រជាពលរដ្ឋថៃថា សម្តេចមិនយកប្រទេសថៃ និងប្រជាជនថៃជាសត្រូវទេ ប៉ុន្ដែប្រទេសថៃមានក្រុមយោធា និងអ្នកនយោបាយជ្រុលនិយមមួយចំនួនដែលបង្ករឿងជាមួយកម្ពុជាចង់យកកម្ពុជាជាសត្រូវ។ សម្តេចបញ្ជាក់ទៀតថា លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះបើនៅកម្ពុជា ជាអំពើក្បត់ជាតិ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។


សម្ដេចតេជោបញ្ជាក់ថា នាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភាគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ។ កម្ពុជាគ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញទាំងអស់ត្រូវបានសម្រួលដោយអាជ្ញាធរថៃដោយសារតែកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹក អ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ។
សម្ដេចតេជោបន្តថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ សម្ដេចតេជោ ជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ។ សម្ដេចក៏បានផ្ដាំទៅប្រជាជនថៃមើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ឲ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងរបស់ថៃទៀតចំនួន៦ចំណុចទៀតនោះ។ សម្តេច បានចោទជាសំណួរថា តើចំណុចណាខ្លះដែល កម្ពុជាបន្តប្រើប្រាស់អគ្គិសនីថៃ ?។ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីកុំឲ្យគេមើលងាយ ខណៈបច្ចុប្បន្នកម្ពុជាយើង ក៏កំពុងខ្វះកម្លាំងពលកម្មផងដែរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនធ្វើប្រក្រតីភាពឡើងវិញជាមួយនឹងថៃ ប៉ុន្ដែប្រហែលមិនអាចធ្វើជាមួយនាយករដ្ឋមន្រ្ដីបច្ចុប្បន្ននេះទេ។
សម្ដេចតេជោ ទម្លាយថា ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន» បន្លំភ្នែកតុលាការ។ សម្ដេចតេជោ ទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជា «គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង» ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។ សម្ដេចតេជោ ទម្លាយថា នៅពេលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច បែរជាយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។
សម្ដេចបន្តថា ពេលដែលសម្ដេចទៅសួរសុខទុក្ខថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថាបុគ្គលនេះ សម្ដែងធ្វើជាឈឺ។ សម្ដេចតេជោ ទម្លាយថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌៕

You may have missed

Copyright © All rights reserved. | Newsphere by AF themes.