បាតុករប្រមូលផ្តុំគ្នានៅទីក្រុងបាងកក ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលាលែងពីដំណែង។
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥–
តាមសេចក្តីរាយការពីសារព័ត៌មាន«អេប៊ីស៊ីញូស៍ / abcnews»
នៅក្រុងបាងកកជុំវិញវិមានឈ្នះឈ្នះមានក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ដើម្បីទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន/Paetongtarn Shinawatra ចុះចេញពីតំណែង ដែលជាផ្នែកមួយនៃភាពចលាចលនយោបាយថៃដែលកើតឡើងដោយការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
ប្រភពបានបន្តថាលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn ត្រូវបានប្រជាជនថៃមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការដោះស្រាយជម្លោះព្រំដែនថ្មីៗជាមួយប្រទេសកម្ពុជាជាពិសេសទាក់ទងនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនៅថ្ងៃទី ២៨ ខែឧសភា បណ្តាលឱ្យទាហានខ្មែរម្នាក់ត្រូវបានបាត់ជីវិតនៅក្នុងតំបន់តូចមួយដែលមានជម្លោះ។ ការប៉ះទង្គិចគ្នានេះបានបង្កើតការស៊ើបអង្កេតមួយដែលអាចនាំឱ្យមានការដកលោកស្រីចេញពីតំណែងនាយករដ្ឋមន្ត្រី។
រីឯក្រុមបាតុករជាច្រើនបានកាន់ទង់ជាតិ និងសញ្ញាសម្គាល់ នៅតាមផ្នែកខ្លះនៃផ្លូវជុំវិញវិមានឈ្នះឈ្នះ នៅកណ្តាលទីក្រុងបាងកក។ ពួកគេចូលរួមអង្គុយស្តាប់វាគ្មិននៅលើឆាកដ៏ធំមួយដែលបានបង្កើតឡើងនៅជើងវិមាន គេនិយាយថាពួកគេប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ប្រទេសបន្ទាប់ពីខ្សែបន្ទាត់ព្រំដែនកាន់តែតានតឹង។

