November 25, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រប្រវត្តិប្រាសាទបាយ័ន អាណាចក្រក្រុងអង្គ

ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រប្រវត្តិប្រាសាទបាយ័ន អាណាចក្រក្រុងអង្គ។

១. ទីតាំងភូមិសាស្រ្ត៖
ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤ ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន។
២. លក្ខណៈពិសេសរបស់ប្រាសាទបាយ័ន៖
ប្រាសាទបាយ័នមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្ត-ក្រុងខ្មែរទាំង ៥៤ នៅសម័យកាលនោះ។ ជាន់ទី១ និងទី២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។
ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ និងជល់មាន់ ។ល។ ជាងនេះទៀតមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។
ចំណែកចម្លាក់គឺឆ្លាក់បានជ្រៅជាងនៅប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរដោយមានពីរឬបីជួរ។
៣. ប្រវត្តិប្រាសាទបាយ័ន៖
ចំពោះពាក្យថា«បាយ័ន»នេះ អ្នកគ្រូ ពៅ សាវរស ក៏បានលើកយកគំនិតរបស់លោក«ប្វាស្សឺលីយ៉េរ៍» ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ(យន្ត្រគឺពាក្យបាលីសំស្រ្កឹត មានន័យថា គ្រឿងប្រដាប់ដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នា ដូចជា៖យន្តដេរ យន្តហោះ ថ្នេរយន្ត រថយន្ត កម្លាំងយន្ត) ដែលគំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស ដែលបានឱ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត(បាយ័ន) ដែលនិយាយនៅក្នុងសិលាចារឹក។
វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឱ្យព្រះពិស្ណុការ វិឝ្វកម៌ន៑ ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឱ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។


៤. អត្ថន័យព្រហ្មមុខបួននៅប្រាសាទបាយ័ន៖
ចំពោះអត្ថន័យនេះ បើតាមទស្សនៈរបស់ជនជាតិខ្មែរនិងអន្តរជាតិមានមតិផ្សេងៗគ្នា ដូចជា៖រូបព្រហ្មនេះមិនមែនជាព្រះព្រហ្មញ្ញសាសនាទេ រូបព្រហ្មនេះតំណាងឱ្យអ្នកថែរក្សាទិសទាំង ៤ដែលគេហៅថា ចតុលោកបាល គឺអ្នកដែលការពារទិសពិភពលោក មុខ៤ យាមទិសទាំង៤ នៃចក្កវាឡ ។
បើតាមលោកមីសែល ត្រាណេ ពណ៌នាថា អ្នកនិពន្ធខ្លះយល់ថា រូបទាំងអស់ ដែលយើងមើលឃើញញញឹមស្រស់រាក់ទាក់រកពុទ្ធសាសនិកទាំងឡាយ ជារូបតំណាងឱ្យស្តេចព្រះបាទជ័យវរ្ម័នទី៧ខ្លួនអង្គឯង ព្រោះលក្ខណៈរបស់ស្តេចជ័យវរ្ម័នទី៧ គឺរូបសំណាកគង់ពែនភ្នែនក្នុងកាយវិការធ្យានមុទ្រៈ ឬធ្វើសមាធិ ដែលគេហៅថា ពុទ្ធរាជដែលជាព្រះពុទ្ធ និងជាស្តេចផែនដីផង ។


រីឯទស្សនៈមួយទៀតយល់ថា ក្នុងចំណោមរូបទាំងអស់នេះ ស្តេចជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា ព្រះអង្គមានចិត្តអាណិតអាសូរ ករុណា និងធម៌មេត្តាច្រើន ដូច្នេះព្រះអង្គចង់ផ្សព្វផ្សាយទៅទិសទាំង៤ នូវព្រហ្មវិហារធម៌ គឺមេត្តា សេចក្តីរាប់អាន, ករុណា សេចក្តីអាណិត, ឧបេក្ខា សេចក្តីស្មោះស្មើ, និងមុទិតា សេចក្តីត្រេកអរចំពោះមុខ។ មួយវិញទៀតទិសទាំង៤ តំណាងឱ្យធាតុទាំង៤ ដែលមានខ្យល់ ទឹក ភ្លើង និងធរណី ព្រោះថា បើគ្មានធាតុទាំង ៤នេះទេ មនុស្សមិនអាចរស់នៅបានឡើយ ។
ព្រះបាទជ័យវរ្ម័នទី៧ ជានិមិត្តរូបនៃការវិលចុះវិលឡើងរបស់ផែនដី។ បើយើងមើលពីព្រឹក ថ្ងៃរះពីកើត មុខខាងលិចស្លាប់ ចំណែកមុខចំហៀងសងខាងទៅតាមពេលវេលា ទៅតាមខែ និងរដូវរបស់ស្រុកយើង ។ នៅពេលថ្ងៃដើរត្រង់ពីលើ ពេលខ្លះដើរឆៀងខាងត្បូង ពេលខ្លះដើរឆៀងខាងជើង ពេលណាថ្ងៃរះផុត គឺមុខខាងជើងត្រូវពន្លឺថ្ងៃជាងខាងត្បូងម្លប់បន្តិច ហើយខាងកើតថ្ងៃរះ ខាងលិចថ្ងៃលិចជាធម្មតា។
ពេលយើងឡើងដល់ជាន់ទី៣ ហាក់បីដូចនៅកណ្តាលហ្វូងមនុស្សច្រើន ពេលនោះអាណាចក្រកម្ពុជា មានការច្របូកច្របល់ដោយសារសាសនា ទើបប្រាសាទបាយ័ន ដែលកសាងឡើងដោយស្តេចជ័យវរ្ម័នទី៧ បានចែកជា ៣កាល គឺ កាលព្រះបាទជ័យវរ្ម័នទី៧, កាលព្រះបាទយសោវរ្ម័នទី១ និងកាលសៀមលើកទ័ពមកវាយលុកយក ទីក្រុងអង្គរធំនៅឆ្នាំ១១១៧ ។


ក្រោយមក ព្រះបាទជ័យវរ្ម័នទី៧ បានទៅតស៊ូរំដោះជាតិក្នុងរយៈពេល៤ឆ្នាំ គឺបង្រួបបង្រួមជាតិផង រហូតដល់ឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ បណ្តេញទ័ពចាមឈ្លានពានចេញអស់ពីក្រុងអង្គរធំ ទើបរៀបចំទីក្រុងឡើងវិញ និងរៀបចំកសាងប្រាសាទតូចៗបន្ថែមលើសំណង់ចាស់ ទើបប្រាសាទនោះទៅជាប្រាសាទក្នុងរជ្ជកាលរបស់ទ្រង់ ។
រួមសេចក្តីមក យើងសន្និដ្ឋានបានថា ប្រាសាទបាយ័នកសាងឡើង ដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វ លោកេស្វរៈមានមុខ៤ ជាទីសំអាងក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទដែលឧទ្ទិសដល់ព្រះពុទ្ធសាសនា គេហៅថា ព្រះពុទ្ធជ័យពុទ្ធមហានាថ បានន័យថា ជ័យតំណាងឱ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធតំណាងឱ្យអ្នករក្សាលោក ។
សរុបសេចក្តីមក ព្រះភ័ក្ត្រទាំង៤ ដ៏ធំដែលស្ថិតនៅលើកំពូលទាំងឡាយនៃប្រាសាទបាយ័ន ដែលនៅប្រាង្គកណ្តាល ឬប្រាង្គប្រធានដែលពីដើមមានការគោរពបូជាព្រះជ័យពុទ្ធមហានាថនោះ គឺពិតជាតំណាងឱ្យព្រះលោកេស្វរៈ។ ព្រះអង្គមានទឹកមុខញញឹមប្រឹមប្រិយ បែរមុខមកឃើញហាក់បីដូចជាចង់រង់ចាំភ្ញៀវយ៉ាងរាក់ទាក់ មើលពីខាងណាក៏ដូចខាងណា ឃើញស្នាមញញឹម ពព្រាយនាំឱ្យយើងសប្បាយរីករាយ និងកោតស្ញប់ស្ញែងពីវីរទេពកោសល្យនៃស្ថាបត្យករជាដូនតារបស់យើង។
៥. ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន៖
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឱ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី៧ កាលពីចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី ១៣។


បណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌និងប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឱ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម។
លោកបណ្ឌិតបានបន្តឱ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឱ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័នទី៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឱ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សត្រក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្សទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅនៅក្នុងសង្គមខែ្មរបុរាណ៕
(ឯកសារស្រាវជ្រាវ)
ចេញផ្សាយ:ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤
ចងក្រងដោយ: លោកញ៉ិល សុជាតិ (ឯករាជ្យ១៨)

1 thought on “ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រប្រវត្តិប្រាសាទបាយ័ន អាណាចក្រក្រុងអង្គ

  1. Are you looking for a personal assistant who can handle your daily business operations and make your life easier? I can help with tasks related to admin, marketing, gathering data from multiple websites, answering emails, website management, social media, content writing, planning new projects, bookkeeping, entering data into softwares, and back-office assistance. I have an Inhouse Content writer, social media specialist, Data Entry Operator, Website Developer and Bookkeeper. My costing varies from $8/hr to $30/hr depending on type of project and its complexity.

    If you are interested, send me an email at Businessgrowtogether@outlook.com with a list of tasks you want to accomplish, and We can discuss our collaboration over a video call as per your convenience.

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.